John 1

ព្រះយេស៊ូជាព្រះបន្ទូលអស់កល្បជានិច្ច

1កាលពីដើមដំបូងមានព្រះបន្ទូលព្រះបន្ទូលគង់នៅជាមួយព្រះជាម្ចាស់ហើយព្រះបន្ទូលជាព្រះជាម្ចាស់ 2ព្រះបន្ទូលបាន​គង់នៅជាមួយព្រះជាម្ចាស់តាំងពីដើមដំបូងមក 3គ្រប់របស់​ទាំងអស់​បាន​កើតមកដោយសារព្រះបន្ទូល​ហើយ​ក្នុង​បណ្ដា​របស់​ដែល​បាន​កើតមក​ទាំងឡាយ​បើ​គ្មានព្រះបន្ទូលទេ​គ្មាន​របស់​ណា​មួយកើតមកឡើយ 4ដ្បិតនៅក្នុងព្រះបន្ទូលមានជីវិតហើយជីវិតនោះជាពន្លឺ​ដល់​មនុស្សលោក 5ពន្លឺនោះ​បាន​ភ្លឺក្នុងសេចក្ដីងងឹតហើយសេចក្ដីងងឹតមិនឈ្នះពន្លឺឡើយ 6មានមនុស្សម្នាក់​ដែល​ព្រះជាម្ចាស់​បាន​ចាត់ឲ្យមកឈ្មោះយ៉ូហាន 7គាត់បាន​មកជាសាក្សីដើម្បីធ្វើបន្ទាល់អំពីពន្លឺនិងឲ្យ​មនុស្ស​ទាំងអស់​បាន​ជឿដោយសារគាត់ 8ប៉ុន្ដែគាត់មិនមែនជាពន្លឺទេគឺ​គាត់​ធ្វើបន្ទាល់អំពីពន្លឺ 9ព្រះអង្គដែលជាពន្លឺពិតប្រាកដ​បាន​យាងមកក្នុងពិភពលោក​ដើម្បី​បំភ្លឺមនុស្សទាំងអស់ 10ព្រះអង្គបាន​គង់នៅក្នុងពិភពលោកហើយពិភពលោក​បាន​កើតមកដោយសារព្រះអង្គ​ប៉ុន្ដែ​ពិភពលោកមិនស្គាល់ព្រះអង្គទេ 11ព្រះអង្គបាន​យាងមក​ផែនដី​របស់ព្រះអង្គប៉ុន្ដែ​ប្រជារាស្រ្ដ​របស់ព្រះអង្គមិន​បាន​ទទួលព្រះអង្គឡើយ 12រីឯអស់​អ្នក​ដែល​បាន​ទទួលព្រះអង្គ​គឺ​អស់​អ្នកដែលជឿលើព្រះនាម​របស់​ព្រះអង្គ​ព្រះអង្គ​បាន​ប្រទានសិទ្ធិ​ដល់​ពួកគេ​ឲ្យ​ត្រលប់ជាកូន​របស់​ព្រះជាម្ចាស់ 13គឺជាកូនដែលមិនមែន​កើត​មកពីឈាមពីប្រាថ្នា​ខាង​រូបសាច់ពីចំណង់​របស់​មនុស្សឡើយគឺកើត​ពីព្រះជាម្ចាស់វិញ 14ព្រះបន្ទូលបាន​ត្រលប់ជាសាច់ឈាមគង់នៅក្នុងចំណោមយើងហើយ​យើង​បាន​ឃើញសិរីរុងរឿង​របស់​ព្រះអង្គដែល​ជា​សិរីរុងរឿង​នៃ​ព្រះរាជបុត្រា​តែមួយគត់មកពី​ព្រះ​វរបិតា​ដែល​ពេញ​ដោយ​ព្រះ​គុណនិង​សេចក្ដីពិត។ 15លោកយ៉ូហាន​បាន​ធ្វើបន្ទាល់អំពីព្រះអង្គទាំងប្រកាសថា៖ ​«គឺ​ព្រះអង្គ​នេះហើយដែល​ខ្ញុំ​បាន​ប្រាប់ថា​ជា​ព្រះ​មួយអង្គដែលយាងមកក្រោយខ្ញុំត្រលប់ជាមុនខ្ញុំព្រោះ​ព្រះអង្គ​គង់នៅមុនខ្ញុំ»។ 16យើងទាំងអស់គ្នា​បាន​ទទួលពីសេចក្ដីពោរពេញ​របស់​ព្រះអង្គ​ដែល​ជា​ព្រះ​គុណថែមលើ​ព្រះ​គុណ 17ដ្បិតគម្ពីរវិន័យ​បាន​ប្រទានមកតាមរយៈ​លោក​ម៉ូសេ​រីឯ​ព្រះ​គុណនិងសេចក្ដីពិតមកតាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ 18គ្មានអ្នកណា​ធ្លាប់ឃើញព្រះជាម្ចាស់ទេ​មាន​តែ​ព្រះ​រាជ​បុត្រា​តែមួយ​របស់​ព្រះជាម្ចាស់ប៉ុណ្ណោះដែលនៅនឹង​ព្រះ​ឧិរារបស់​ព្រះ​វរ​បិតា​គឺ​ព្រះ​រាជ​បុត្រា​នោះហើយ​បាន​សំដែង​ឲ្យ​ស្គាល់​ព្រះជាម្ចាស់

លោកយ៉ូហានធ្វើបន្ទាល់​

19កាល​ពួក​ជនជាតិ​យូដា​បាន​ចាត់​ពួក​សង្ឃនិង​ពួក​លេវីពី​ក្រុង​យេរូសាឡិមឲ្យមកសួរ​លោក​យ៉ូហានថា៖ ​«តើអ្នកជានរណា?» ​គាត់​បាន​ធ្វើបន្ទាល់ដូចតទៅ 20គឺគាត់​បាន​ប្រកាស​ដោយ​មិនបដិសេធគឺប្រកាសថា៖ ​«ខ្ញុំមិនមែនជា​ព្រះ​គ្រិស្ដទេ» 21នោះពួកគេ​សួរគាត់ថា៖ ​«ដូច្នេះ​តើ​អ្នក​ជា​នរណា? ​តើ​អ្នកជាអេលីយ៉ា?» ​គាត់​ឆ្លើយថា៖ ​«មិនមែនខ្ញុំទេ!» ​ពួកគេ​សួរ​ទៀត​ថា៖ ​«តើ​អ្នកជាអ្នកនាំព្រះបន្ទូល?» ​គាត់​ក៏ឆ្លើយថា៖ ​«ទេ 22ដូច្នេះពួកគេ​ក៏​សួរ​ទៀត​ថា៖ ​«តើ​អ្នកជានរណា? ​តើ​អ្នក​ថាខ្លួនអ្នកជានរណា? ​ដើម្បីឲ្យ​យើង​អាច​មានចម្លើយ​សម្រាប់​ពួក​អ្នក​ដែល​ចាត់យើងឲ្យមក» 23គាត់ឆ្លើយថា៖ ​«ខ្ញុំជាសំឡេងមួយ​កំពុង​ស្រែកនៅទីរហោឋានថា​ចូរ​តម្រង់ផ្លូវ​របស់​ព្រះអម្ចាស់ដូចដែល​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ធូល​បាន​ថ្លែងទុក»។ 24ពួកអ្នក​ដែល​គេ​បាន​ចាត់ឲ្យមកនេះពួកគេមកពី​ខាងគណៈ​ផារិស៊ី 25ហើយពួកគេ​សួរគាត់​ម្ដងទៀត​ថា៖ ​«បើអ្នកមិនមែនជា​ព្រះ​គ្រិស្ដ​លោក​អេលីយ៉ាអ្នកនាំព្រះបន្ទូលទេហេតុអ្វី​បានជា​អ្នក​ធ្វើ​ពិធីជ្រមុជទឹកដូច្នេះ 26លោកយ៉ូហានឆ្លើយ​ទៅ​ពួកគេថា៖ ​«ខ្ញុំ​ធ្វើ​ពីធីជ្រមុជដោយទឹក​ប៉ុន្តែ​មាន​ព្រះ​មួយអង្គនៅក្នុងចំណោមអ្នករាល់គ្នា​ដែល​អ្នករាល់គ្នាមិនស្គាល់ 27ព្រះអង្គយាងមកក្រោយខ្ញុំ​ហើយ​ខ្ញុំមិនស័ក្តិសមនឹងស្រាយខ្សែស្បែកជើង​ឲ្យ​ព្រះអង្គ​ផង»។ 28ហេតុការណ៍ទាំងនេះ​បាន​កើតឡើងក្នុង​ក្រុង​បេថានី​នៅ​ត្រើយម្ខាង​នៃ​អូរ​យ័រដាន់ជាកន្លែងដែល​លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធីជ្រមុជទឹក

ព្រះយេស៊ូជា​កូន​ចៀម​របស់ព្រះជាម្ចាស់

29ថ្ងៃបន្ទាប់មក​លោក​យ៉ូហាន​បាន​ឃើញ​ព្រះ​យេស៊ូយាងមកគាត់នោះ​គាត់​និយាយថា៖ ​«មើល៍​នោះ​ជា​កូនចៀម​របស់​ព្រះជាម្ចាស់ដែលដកយកបាបរបស់មនុស្សលោក 30គឺព្រះអង្គ​នេះហើយដែលខ្ញុំប្រាប់ថា​ជា​ព្រះ​មួយអង្គដែលយាងមកក្រោយខ្ញុំ​ហើយ​ត្រលប់ជាមុនខ្ញុំដ្បិត​ព្រះអង្គ​បាន​គង់នៅមុនខ្ញុំ 31ខ្ញុំមិន​បាន​ស្គាល់ព្រះអង្គទេដូច្នេះបានជាខ្ញុំ​ធ្វើ​ពិធីជ្រមុជដោយទឹកដើម្បី​ឲ្យ​អ៊ីស្រាអែលស្គាល់ព្រះអង្គ»។ 32លោកយ៉ូហាន​បាន​ធ្វើបន្ទាល់ថា៖ ​«ខ្ញុំ​បាន​ឃើញ​ព្រះ​វិញ្ញាណយាងចុះពីស្ថានសួគ៌ដូចជាសត្វព្រាប​មក​សណ្ឋិតលើព្រះអង្គ 33ខ្ញុំមិន​បាន​ស្គាល់ព្រះអង្គទេប៉ុន្តែ​ព្រះអង្គ​ដែលចាត់ខ្ញុំឲ្យមក​ធ្វើ​ពិធីជ្រមុជដោយទឹក​បាន​មានបន្ទូល​ប្រាប់​ខ្ញុំថា៖ ​«ពេល​អ្នកឃើញ​ព្រះ​វិញ្ញាណ​យាង​ចុះមកសណ្ឋិតលើអ្នកណាគឺ​អ្នក​នោះហើយដែលធ្វើពិធីជ្រមុជដោយ​ព្រះ​វិញ្ញាណបរិសុទ្ធ 34ដូច្នេះខ្ញុំ​បាន​ឃើញហើយបានជា​ខ្ញុំ​ធ្វើបន្ទាល់ថា​គឺ​ព្រះអង្គ​នេះហើយជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់»។

ព្រះយេស៊ូត្រាស់​ហៅ​ពួក​សិស្ស​ដំបូង​

35នៅ​ថ្ងៃ​បន្ទាប់មក​លោក​យ៉ូហាន​បាន​ឈរម្ដងទៀតជាមួយសិស្ស​របស់​គាត់ពីរនាក់ 36គាត់មើលឃើញ​ព្រះ​យេស៊ូ​កំពុង​យាងកាត់​ទីនោះ​គាត់​ក៏​និយាយថា៖ ​«មើល៍នោះជាកូនចៀម​របស់​ព្រះជាម្ចាស់»។ 37ពេលសិស្ស​ទាំង​ពីរ​របស់​គាត់គាត់និយាយដូច្នេះ​ពួកគេ​ក៏​ដើរតាម​ព្រះ​យេស៊ូទៅ 38ពេលព្រះ​យេស៊ូងាកមកឃើញអ្នក​ទាំងពីរ​នោះ​កំពុង​ដើរតាម​ព្រះអង្គ​ដូច្នេះ​ក៏មានបន្ទូល​ទៅ​ពួកគេថា៖ ​«តើ​ពួក​អ្នក​មក​រកអ្វី?» ​ពួកគេទូល​ទៅ​ព្រះអង្គថា៖ ​«រ៉ាប់ប៊ី! ​(​ដែលប្រែថា​លោក​គ្រូ​)​តើ​លោក​ស្នាក់នៅកន្លែងណា?» 39ព្រះអង្គមានបន្ទូល​ទៅ​ពួកគេថា៖ ​«មកមើលចុះ!» ​ដូច្នេះ​ពួកគេ​ក៏​ទៅហើយឃើញកន្លែងដែល​ព្រះអង្គ​គង់នៅរួច​បាន​ស្នាក់នៅជាមួយព្រះអង្គនៅថ្ងៃនោះ​ព្រោះ​ពេល​នោះ​ម៉ោងប្រហែលបួន​រសៀល​ហើយ 40ក្នុងចំណោមសិស្ស​ទាំង​ពីរនាក់ដែល​បាន​​លោក​យ៉ូហាននិយាយហើយ​បាន​ដើរតាមព្រះអង្គនោះមានម្នាក់​ឈ្មោះ​អនទ្រេជាប្អូន​របស់​លោក​ស៊ីម៉ូនពេត្រុស 41លោកអនទ្រេ​បាន​ទៅ​ជួប​លោក​ស៊ីម៉ូនជាបងប្រុស​របស់​គាត់មុនគេហើយប្រាប់ថា៖ ​«យើង​បាន​ជួប​ព្រះ​មែស៊ីហើយ!» ​(​ដែលប្រែថា​ព្រះ​គ្រិស្ដ​)។ 42គាត់ក៏​នាំលោកស៊ីម៉ូនទៅ​ព្រះ​យេស៊ូ​កាល​ព្រះ​យេស៊ូឃើញលោកស៊ីម៉ូន​ក៏​មានបន្ទូលថា៖ ​«អ្នកឈ្មោះស៊ីម៉ូនជាកូនយ៉ូហានអ្នក​នឹង​ត្រូវ​គេ​ហៅ​ថាកេផាស» ​(​ដែលប្រែថាពេត្រុស​)។ 43ថ្ងៃបន្ទាប់មក​ព្រះ​យេស៊ូ​ចង់ទៅ​ស្រុក​កាលីឡេហើយ​ព្រះអង្គ​បាន​ជួប​លោក​ភីលីពក៏មានបន្ទូល​ទៅ​គាត់ថា៖ ​«ចូរ​មកតាមខ្ញុំ»។ 44លោកភីលីពនេះមកពី​ក្រុង​បេតសៃដា​ដែល​លោក​អនទ្រេនិង​លោក​ពេត្រុសនៅក្រុងនោះ​ដែរ។ 45លោកភីលីព​បាន​ទៅ​ជួបលោកណាថាណែលហើយប្រាប់គាត់ថា៖ ​«យើង​បាន​ជួប​ព្រះអង្គ​ដែលលោកម៉ូសេនិង​ពួក​អ្នកនាំព្រះបន្ទូល​បាន​ចែង​ទុកនៅក្នុងគម្ពីរវិន័យហើយ​គឺ​ព្រះ​យេស៊ូជាអ្នក​ក្រុង​ណាសារ៉ែត​ត្រូវជា​កូន​របស់​លោក​យ៉ូសែប»។ 46ពេលនោះលោកណាថាណែល​ក៏​សួរគាត់ថា៖ ​«តើ​មានអ្វី​ដែល​ល្អអាចចេញពី​ក្រុង​ណាសារ៉ែត​បាន​ដែរ​?» ​លោក​ភីលីពឆ្លើយថា៖ ​«ចូរ​មកមើលចុះ»។ 47ពេលព្រះ​យេស៊ូឃើញ​លោក​ណាថាណែលមកព្រះអង្គក៏មានបន្ទូលអំពីគាត់ថា៖ ​«មើល៍នោះជាជនជាតិអ៊ីស្រាអែលពិតប្រាកដដែលគ្មានឧបាយកលសោះ»។ 48លោកណាថាណែលទូលសួរព្រះអង្គថា៖ ​«តើ​លោក​ស្គាល់ខ្ញុំយ៉ាងដូចម្ដេច?» ​ព្រះ​យេស៊ូឆ្លើយថា៖ ​«មុនពេលភីលីពហៅអ្នក​ខ្ញុំ​បាន​ឃើញអ្នកនៅក្រោមដើមល្វា​រួច​ទៅហើយ»។ 49លោកណាថាណែល​ក៏​ទូលព្រះអង្គថា៖ ​«លោក​គ្រូ! ​លោកជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​និង​ជាស្ដេច​របស់​អ៊ីស្រាអែលមែន​ហើយ»។ 50ព្រះយេស៊ូមានបន្ទូល​ទៅ​គាត់ថា៖ ​«តើ​អ្នក​ជឿដោយសារតែ​ខ្ញុំ​ប្រាប់អ្នកថា​ខ្ញុំ​បាន​ឃើញអ្នកនៅក្រោមដើមល្វា? ​អ្នក​នឹង​ឃើញ​ការ​អស្ចារ្យ​ជាងនេះទៀត» 51រួចព្រះអង្គ​មានបន្ទូល​ទៅ​គាត់​ទៀត​ថា៖ ​«ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ជា​ពិតប្រាកដថា​អ្នករាល់គ្នា​នឹង​ឃើញមេឃ​បើកចំហហើយ​ពួក​ទេវតា​របស់​ព្រះជាម្ចាស់ចុះឡើងពីលើកូនមនុស្ស»។
Copyright information for KhmKCB